Luke 19

ព្រះយេស៊ូជួប​លោកសាខេ​

1ពេល​ចូល​ដល់​ក្នុង​ក្រុង​យេរីខូរ​ព្រះអង្គ​ក៏យាងកាត់​ក្រុង 2មើល៍មាន​បុរសម្នាក់ឈ្មោះសាខេ​គាត់​ជាមេ​អ្នកទារពន្ធដារ​ម្នាក់ហើយ​ជា​អ្នក​មាន 3គាត់កំពុង​រកមើលថានរណាជា​ព្រះ​យេស៊ូប៉ុន្ដែគាត់មិនអាច​មើល​ឃើញ​សោះពី​ក្នុង​ចំណោមបណ្ដាជនព្រោះ​គាត់​មានមាឌតូចល្អិត 4គាត់រត់ទៅមុខមុន​ហើយ​ឡើងលើដើមល្វាដើម្បីមើលឃើញព្រះអង្គព្រោះ​ព្រះអង្គ​ឆ្លងកាត់​ជិត​ដល់​ផ្លូវ​នោះហើយ 5ពេលព្រះអង្គ​យាង​មក​ដល់កន្លែងនោះហើយ​ព្រះ​យេស៊ូ​ក៏​មើល​ទៅ​លើ​ទាំង​មានបន្ទូលទៅគាត់ថា៖ ​«សាខេអើយ! ​ចូរ​ប្រញាប់​ចុះ​មកព្រោះខ្ញុំត្រូវនៅផ្ទះ​របស់​អ្នក​ថ្ងៃ​នេះ»។ 6គាត់ក៏ប្រញាប់​ចុះ​មកស្វាគមន៍ព្រះអង្គ​ទាំង​អំណរ 7ពេលមនុស្ស​ទាំងអស់ឃើញក៏រអ៊ូរទាំថា៖ ​«គាត់​ចូលទៅស្នាក់នៅជាមួយមនុស្សបាប 8លោកសាខេក៏ក្រោកឈរទូលទៅព្រះអម្ចាស់ថា៖ ​«ព្រះអម្ចាស់អើយ! ​ខ្ញុំ​ចែកទ្រព្យសម្បត្ដិពាក់កណ្ដាល​របស់​ខ្ញុំ​ដល់​អ្នក​ក្រីក្រហើយបើ​ខ្ញុំ​កេងបន្លំអ្វីមួយ​ពី​អ្នក​ណា​ម្នាក់​ខ្ញុំ​នឹង​សងវិញ​មួយ​ជា​បួនដង»។ 9ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ ​«ថ្ងៃ​នេះសេចក្ដីសង្គ្រោះ​បាន​មក​ដល់​ផ្ទះនេះហើយព្រោះគាត់ក៏ជាពូជពង្ស​របស់​លោក​អ័ប្រាហាំដែរ 10ដ្បិតកូនមនុស្ស​បាន​មករកនិងសង្គ្រោះអ្នកដែលវង្វេង»។

រឿង​ប្រាក់​ដប់មីណា​

11កាលពួកគេ​កំពុង​ស្ដាប់​សេចក្ដី​ទាំងនេះព្រះអង្គមានបន្ទូលបន្ថែម​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ព្រោះតែព្រះអង្គ​កំពុង​នៅជិត​ក្រុង​យេរូសាឡិមរួចពួកគេស្មានថានគរព្រះជាម្ចាស់នឹងលេចមកភ្លាមៗ 12គឺព្រះអង្គ​មានបន្ទូលថា៖ ​«មាន​បុរសត្រកូលខ្ពង់ខ្ពស់ម្នាក់​ត្រូវ​ធ្វើដំណើរទៅស្រុកឆ្ងាយ​ដើម្បី​ទទួលយកនគរមួយ​សម្រាប់​គាត់រួច​ត្រូវ​ត្រលប់មកវិញ 13កាលបាន​ហៅបាវបម្រើ​ទាំង​ដប់នាក់​របស់​គាត់​មក​ហើយ​គាត់​ក៏​ឲ្យ​ប្រាក់​ដល់​ពួកគេដប់មីណា
១៩:១៣ ប្រាក់មីណា
និង​បាន​ប្រាប់ថា​ចូរ​ប្រកប​របររកស៊ីរហូតដល់​ខ្ញុំ​មកវិញ
14ប៉ុន្ដែជនជាតិ​របស់​គាត់ស្អប់គាត់ក៏ចាត់តំណាង​ឲ្យ​ទៅតាម​ក្រោយ​គាត់​ដើម្បី​ប្រាប់ថា​យើង​មិនចង់​ឲ្យ​ម្នាក់​នេះគ្រប់គ្រងលើយើងទេ 15កាលទទួលនគរនោះហើយ​គាត់​ក៏​ត្រលប់មកវិញ​ហើយ​ប្រាប់​ឲ្យ​គេ​ហៅបាវបម្រើទាំងនោះ​មក​ជា​ពួក​អ្នក​ដែល​គាត់​បាន​ឲ្យប្រាក់ដើម្បី​ឲ្យ​គាត់​ដឹងថា​ពួកគេ​រកស៊ី​ចំណេញ​បានអ្វីខ្លះ 16អ្នកទីមួយ​ចូល​មកប្រាប់ថាលោក​ម្ចាស់​អើយ! ​មួយ​មីណា​របស់​លោកចំណេញបានដប់មីណា 17គាត់ក៏ប្រាប់បាវបម្រើនោះថាប្រសើរណាស់បាវបម្រើដ៏ល្អ​អើយ! ​ដោយព្រោះអ្នកស្មោះត្រង់ក្នុង​កិច្ចការ​តូចតាច​ចូរ​អ្នក​មានសិទ្ធិអំណាចគ្រប់គ្រងដប់ក្រុងចុះ 18អ្នកទីពីរចូលមកប្រាប់ថាលោក​ម្ចាស់​អើយ! ​មួយ​មីណា​របស់​លោកចំណេញបានប្រាំមីណា 19គាត់ប្រាប់​បាវបម្រើ​នោះដែរថា​ចូរ​អ្នក​គ្រប់​គ្រងប្រាំក្រុងចុះ 20បាវបម្រើម្នាក់ទៀត​បាន​មកប្រាប់ថាលោក​ម្ចាស់​អើយ! ​មើល៍​មួយ​មីណា​របស់​លោក​ខ្ញុំ​បានខ្ចប់ទុកក្នុងកន្សែង 21ដ្បិតខ្ញុំ​ខ្លាចលោកណាស់ព្រោះ​លោក​ជាមនុស្សតឹងរ៉ឹង​លោក​ដកយក​អ្វី​ដែលលោកមិន​បាន​ទុកហើយច្រូត​អ្វី​ដែល​លោក​មិន​បាន​សាប​ព្រោះ 22គាត់ក៏​ប្រាប់បាវបម្រើនោះថាបាវបម្រើ​ដ៏​អាក្រក់​អើយ! ​ខ្ញុំ​នឹង​ជំនុំជម្រះអ្នកដោយសារសំដី​របស់​អ្នក​បើ​អ្នក​ដឹងថាខ្ញុំជាមនុស្សម្នាក់តឹងរឹងដកយក​អ្វី​ដែលមិន​បាន​ទុកហើយច្រូត​អ្វី​ដែលមិន​បាន​សាបព្រោះ​ដែរ 23ហេតុអ្វីបានជាមិនដាក់ប្រាក់​របស់​ខ្ញុំនៅកន្លែងចងការ​ដើម្បី​ពេល​ខ្ញុំមកវិញ​នោះ​ប្រមូលបាន​ទាំង​ដើម​ទាំង​ការដូច្នេះ? 24រួចគាត់​ប្រាប់​ពួក​អ្នកឈរនៅក្បែរ​នោះ​ថា​ចូរ​ដកយក​ប្រាក់​មួយ​មីណាពីវាឲ្យ​ទៅ​ម្នាក់​ទៀត​ដែលមានដប់មីណា​ទៅ។ 25ប៉ុន្ដែអ្នក​ទាំង​នោះ​ប្រាប់គាត់ថាលោក​ម្ចាស់​អើយ! ​អ្នក​នោះ​មានដប់មីណាហើយ 26ខ្ញុំប្រាប់អ្នករាល់គ្នាថាអស់អ្នកដែលមាន​នឹង​បន្ថែមឲ្យប៉ុន្ដែអ្នក​ណា​ដែលគ្មាន​នឹង​ត្រូវ​ដក​យក​វិញសូម្បីតែអ្វីដែល​អ្នក​នោះ​មានផង 27រីឯពួក​សត្រូវ​របស់​ខ្ញុំដែលមិនចង់​ឲ្យ​ខ្ញុំគ្រប់គ្រងលើពួកគេ​ចូរ​នាំពួកគេមកទីនេះហើយសម្លាប់នៅមុខខ្ញុំទៅ»។

ព្រះយេស៊ូយាងចូលក្រុងយេរូសាឡិម

28កាល​ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះហើយ​ក៏​ធ្វើ​ដំណើរបន្ដទៀតឡើងទៅ​ក្រុង​យេរូសាឡិម 29ហើយពេលមកជិតដល់​ក្រុង​បេតផាសេនិង​ក្រុង​បេថានីក្បែរភ្នំមួយឈ្មោះ​ភ្នំ​ដើមអូលីវ​ព្រះអង្គ​ក៏​ចាត់សិស្សពីរនាក់​ឲ្យ​ទៅ 30ដោយមានបន្ទូលថា៖ ​«ចូរទៅក្នុងភូមិនៅ​ទល់​មុខ​នោះ​ពេល​អ្នក​ចូល​ទៅ​ដល់​អ្នក​នឹង​ឃើញកូនលាមួយ​ដែល​គេ​ចងទុកមិនទាន់​មាន​មនុស្សណាជិះ​នៅឡើយ​ចូរ​ស្រាយហើយនាំវាមក 31ប្រសិនបើ​មាន​អ្នកណាសួរ​ពួក​អ្នកថាហេតុអ្វី​ពួក​អ្នក​ស្រាយ​វា? ​ចូរ​ប្រាប់ថាព្រះអម្ចាស់ត្រូវការវា»។ 32ពួកអ្នកដែល​ព្រះអង្គ​បាន​ចាត់ក៏ចេញ​ដំណើរ​ទៅ​ហើយ​បាន​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់ពួកគេ​មែន 33ពេលកំពុង​ស្រាយកូនលាម្ចាស់​របស់​វាសួរពួកគេថា៖ ​«ហេតុ​អ្វី​ពួក​អ្នក​ស្រាយវាដូច្នេះ 34ពួកគេក៏ឆ្លើយថា៖ ​«ព្រះអម្ចាស់ត្រូវការវា»។ 35ពួកគេក៏​បាន​ដឹកកូន​លា​នោះមក​ព្រះ​យេស៊ូ​រួច​ក៏ក្រាលអាវ​របស់​ពួកគេលើ​ខ្នង​វា​និង​បាន​បញ្ជិះ​ព្រះ​យេស៊ូលើនោះ 36ពេលព្រះអង្គ​កំពុង​យាងទៅ​ពួកគេ​ក៏ក្រាលអាវ​របស់​ខ្លួននៅលើផ្លូវ 37កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ​ពួក​សិស្សច្រើនកុះករចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា​ព្រមទាំង​សរសើរតម្កើងព្រះជាម្ចាស់​ដោយ​សំឡេងឮៗ​អំពី​ការ​អស្ចារ្យទាំងអស់ដែលពួកគេ​បាន​ឃើញ 38ថា៖ ​«សូម​ថ្វាយព្រះពរ​ដល់​ស្ដេច​មួយ​អង្គ​ដែល​យាង​មកក្នុង​ព្រះ​នាមព្រះអម្ចាស់​ចូរ​មាន​សេចក្ដីសុខសាន្ដនៅស្ថានសួគ៌និង​សិរី​រុងរឿងនៅ​ស្ថាន​ដ៏​ខ្ពស់បំផុត»។ 39ពួកអ្នកខាងគណៈផារិស៊ីខ្លះ​បាន​ទូលពី​ក្នុង​ចំណោមបណ្ដាជន​ទៅ​ព្រះអង្គថា៖ ​«លោក​គ្រូ​អើយ! ​សូម​ស្ដីឲ្យ​ពួក​សិស្ស​របស់​លោក​ផង» 40ប៉ុន្ដែព្រះអង្គ​មានបន្ទូលឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នាថាប្រសិនបើ​អ្នក​ទាំងនេះ​នៅ​ស្ងៀមស្ងាត់​នោះ​ថ្ម​នឹង​ស្រែកឡើង»។

ព្រះយេស៊ូស្រណោះក្រុងយេរូសាឡិម

41នៅពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ពេល​ព្រះអង្គ​មើល​ឃើញក្រុង​ក៏​យំស្រណោះក្រុងនោះ 42ថា៖ ​«បើ​អ្នក​គឺអ្នក​ហ្នឹង​ហើយ​គួរ​តែ​ស្គាល់សេចក្ដី​ដែល​ធ្វើ​ឲ្យ​មានសេចក្ដីសុខសាន្ដនៅថ្ងៃនេះ! ​ប៉ុន្ដែពេលនេះ​សេចក្ដី​នោះ​បាន​លាក់កំបាំងពីភ្នែក​របស់​អ្នក​ទៅ​ហើយ 43ដ្បិតនឹង​មាន​ថ្ងៃ​ធ្លាក់​មកលើអ្នក​គឺ​នៅ​ពេល​នោះ​ពួក​សត្រូវ​របស់​អ្នកសង់របងចម្រឹងព័ទ្ធ​ជុំ​វិញអ្នកហើយស្ទាក់អ្នកគ្រប់​ទិស​ទាំង​អស់ 44ពួកគេនឹង​កម្ទេចអ្នក​រាប​ដល់​ដីព្រម​ជាមួយ​នឹង​កូន​ចៅ​របស់​អ្នកដែល​នៅ​ក្នុងអ្នក​ផង​ពួកគេក៏មិនទុក​ឲ្យ​ថ្ម​មួយ​ដុំត្រួត​លើ​គ្នានៅក្នុងអ្នក​ដែរ​ព្រោះ​អ្នក​ពុំ​បាន​ដឹង​ពី​ពេលវេលា​នៃ​ការ​យាង​មក​ប្រោសអ្នក​សោះ»។

ព្រះយេស៊ូសំអាត​ព្រះវិហារ​​

45ពេល​ព្រះអង្គ​យាង​ចូលទៅក្នុង​ព្រះ​វិហារ​ក៏​ចាប់ផ្ដើមបណ្ដេញ​ពួក​អ្នក​កំពុង​លក់ដូរ 46ដោយមានបន្ទូល​ទៅ​ពួកគេថា៖ ​«មាន​សេចក្ដី​បាន​ចែង​ទុក​មក​ថាដំណាក់​របស់​យើងជាដំណាក់​នៃ​ការអធិស្ឋានប៉ុន្ដែអ្នករាល់គ្នា​បាន​ធ្វើឲ្យដំណាក់នេះ​ក្លាយ​ជា​សំបុកចោរ​ទៅ​វិញ» 47រួចព្រះអង្គ​ក៏បង្រៀននៅក្នុង​ព្រះ​វិហាររាល់ថ្ងៃរីឯ​ពួក​សម្ដេចសង្ឃ​ពួក​គ្រូវិន័យនិង​ពួក​មេដឹកនាំប្រជាជន​វិញ​កំពុង​រកមធ្យោបាយសម្លាប់ព្រះអង្គ 48ប៉ុន្ដែពួកគេ​រកមិនឃើញមធ្យោបាយណាមួយដែល​អាច​ឲ្យ​ពួកគេ​ធ្វើបានសោះព្រោះប្រជាជនទាំងអស់​កំពុង​ជក់ចិត្ដស្ដាប់ព្រះអង្គ
Copyright information for KhmKCB